Pages

ឆ​យ វី​រ៉ា ក្លាយជា​ម្ចាស់​ជើងឯក​កីឡា​អុកចត្រង្គ​ពានរង្វាន់​សម្ដេច​តេ​ជោ


លោក​ឆ​យ វី​រ៉ា បាន ក្លាយជា​ម្ចាស់​ជើងឯក​កីឡា​អុកចត្រង្គ ២០១០ ពានរង្វាន់​សម្ដេច​តេ​ជោ បន្ទាប់​ពីបាន​ផ្ដួល​គូប្រកួត​កីឡាករ​សុខ ភា​រ៉ា មក​ពីបាត់ដំបងឱ្យ​ចាញ់​២​ក្ដារ​ជាប់​គ្នា​រួច​មក ។ ការប្រកួត​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៣ ខែមេសា នៅ​ក្នុង​វិមានពហុ​កីឡដ្ឋាន​ជាតិ ។ កីឡាករ​ឆ​យ វី​រ៉ា គឺជាអតីត​កីឡាករ​ជើងឯក​កាលពី​ឆ្នាំ​២០០៩​។តាម​របាយការណ៍​របស់​ គណៈកម្មការរៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា ការ​ប្រកួត កីឡា​អុកចត្រង្គ​ពានរង្វាន់​សម្ដេច​តេ​ជោ​ឆ្នាំនេះ មាន​កីឡាករ​ចូលរួម​ទាំងអស់​១២៤​នាក់ ដែល​ការ​ប្រកួត​ធ្វើ​ឡើង​តាម​រូបមន្ដ​ជំ​រុះ​វិលជុំ ។

នៅ​ថ្ងៃ​ទី​១ មាន​៦២​ប្រកួត ថ្ងៃ​ទី​២ មាន​៣០​ប្រកួត និង​ថ្ងៃ​ទី​៣​មាន​២៤​ប្រកួត ហើយ​នៅ​ពេល​ល្ងាច​ថ្ងៃ​បញ្ចប់​នៅ​សល់​២ប្រកួត គឺជា​ការ​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ១ លេខ​២ និង​លេខ​៣​។ លោក​វ៉ា​ន់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ អូ​ឡាំ​ពិ​ក​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ប្រកួតកីឡា​អុកចត្រង្គ​ពានរង្វាន់​សម្ដេច​តេ​ជោឆ្នាំ​នេះ គឺ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំងហើយ​ក៏​ជា​ព្រឹត្ដិការណ៍​នៃ​ការ​ប្រកួត​ មួយដែល​មាន​ភាព​អស្ចារ្យ​បំផុត​។ លោក​បាន បន្ថែម​ទៀត​ថា សំរាប់​កីឡាករ​ដែល​មក​ចូលរួម​ឆ្នាំ​នេះ ពួក​គេ​ម្នាក់​ៗ​មាន​សមត្ថភាពខ្ពស់​។

រីឯ​លោក​ឆ​យ វី​រ៉ា ជា​ម្ចាស់​ជើងឯកកីឡា​អុកចត្រង្គ​ពានរង្វាន់​សម្ដេច​តេ​ជោ ២០១០ បាន​អះអាង​ថា លោក​ពិតជា​មានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ចូលរួម​ប្រកួត​ឆ្នាំ​នេះ ទោះបីជា​លោក​នៅ​តែ​រក្សាបាន​តំណែង​ជា​ជើងឯក​ទៀត​ក៏​ពិតមែន តែ​គូប្រកួត​របស់​លោក​មិន​បាន​ទុក​ឱកាស​ឱ្យលោក​យកឈ្នះ​បាន​ដោយ​ស្រួល​នោះ​ ឡើយ​។លោក​ថោ​ង ខុន រដ្ឋមន្ដ្រីក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិអូ​ឡាំ​ពិ​ក​កម្ពុជា បាន​សំដែង​នូវ​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ដល់​កីឡាករ​ទាំងអស់​ដែលព្យាយាម​ បញ្ចេញស្នាដៃ និង​បច្ចេកទេស​នៃការ​លេង​យ៉ាង​អស់ពី​សមត្ថភាពហើយ​លោក ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​កីឡាករ​ទាំងអស់​ដែលមិន​បាន​ជាប់​ ចំណាត់ថ្នាក់សូម​បន្ដ​ធ្វើការ​ហ្វឹក ហាត់​ទៀតព្រោះថា ការ​ប្រកួត​មិន​បញ្ចប់តែ​ឆ្នាំ​នេះ​ទេ គឺ​ត្រូវធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​អុកចត្រង្គ​ពានរង្វាន់សម្ដេច​តេ​ជោ​២០១០ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ​ឆ​យ វី​រ៉ា ទទួល​បាន​ទឹកប្រាក់ ៥.០០០​ដុល្លារ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅកីឡាករ សុខ ភា​រ៉ា ទទួល​បាន​ទឹកប្រាក់ ២.០០០​ដុល្លារ និង​ចំណាត់ថ្នាក់​លេខ​៣​បាន ទៅ​កីឡាករ​រស់ រិ​ទ្ធី​យ៉ា ទទួល​បាន​ទឹកប្រាក់ ១.០០០​ដុល្លារ​ ។

No comments:

Post a Comment